សេចក្ដីប្រកាស

យើងជឿជាក់ថាអ្នកបង្កើតគួរតែទទួលបានការសាទរចំពោះយោបល់ និងទស្សនៈរបស់ពួកគេ មិនមែនត្រូវបានបិទបាំងដោយអ្នកចម្លងស្នាដៃគេ និងអ្នកក្លែងបន្លំនោះទេ។
ថ្មីៗនេះ យើងបានចាប់ផ្ដើមគំនិតផ្ដួចផ្ដើមរយៈពេលវែងដើម្បីធ្វើឱ្យលំហូរព័ត៌មានកាន់តែពាក់ព័ន្ធ និងជួយអ្នកបង្កើតពិតប្រាកដដោះស្រាយបញ្ហា ដោយចាប់ផ្ដើមដំបូងដោយបង្រ្កាបទៅលើមាតិកាឥតបានការ។ យើងកំពុងតែវិវឌ្ឍន៍ទៅមុខ - ក្នុងឆមាសទីមួយនៃឆ្នាំ 2025 យើងបានចាត់វិធានការលើគណនីប្រហែល 500,000 ដែលជាប់ពាក់ព័ន្ធក្នុងឥរិយាបថប្រើសារឥតបានការ ឬការចូលរួមក្លែងក្លាយ ដោយអនុវត្តវិធានការចាប់ពីការបន្ទាបមតិរបស់ពួកគេ និងកាត់បន្ថយការចែកចាយមាតិការបស់ពួកគេ ដើម្បីទប់ស្កាត់គណនីទាំងនេះពីការរកប្រាក់។ យើងក៏បានដកចេញនូវកម្រងព័ត៌មានប្រហែល 10 លានដែលក្លែងបន្លំជាអ្នកផលិតមាតិកាធំផងដែរ។
ប៉ុន្តែនៅមានកិច្ចច្រើនទៀតដែលត្រូវធ្វើ។ ត្លុក ឬវីដេអូដូចគ្នាផុសឡើងម្ដងហើយម្ដងទៀតញឹកញាប់ពេក ដែលពេលខ្លះចេញមកពីគណនីដែលបន្លំជាអ្នកបង្កើត និងពេលខ្លះទៀតពីគណនីឥតបានការផ្សេងៗគ្នា។ វាធ្វើឱ្យបទពិសោធប្រើប្រាស់សម្រាប់ទាំងអស់គ្នាចុះអន់ខ្សោយ និងធ្វើឱ្យយោបល់ថ្មីៗកាន់តែពិបាកក្នុងការយកឈ្នះ។
ដើម្បីកែលម្អលំហូរព័ត៌មានរបស់អ្នក យើងកំពុងដាក់ចេញវិធានការខ្លាំងជាងមុន ដើម្បីកាត់បន្ថយមាតិកាមិនមែនស្នាដៃផ្ទាល់ខ្លួននៅលើ Facebook ហើយទីបំផុតការពារ និងលើកកម្ពស់អ្នកបង្កើតដែលចែករំលែកមាតិកាដើម។
តើអ្វីទៅជាមាតិកាមិនមែនស្នាដៃផ្ទាល់ខ្លួន?
មាតិកាមិនមែនស្នាដៃផ្ទាល់ខ្លួនប្រើឡើងវិញ ឬប្រើមាតិកាអ្នកបង្កើតផ្សេងទៀតម្ដងហើយម្ដងទៀតក្នុងគោលបំណងផ្សេងដោយមិនបានផ្តល់ការទទួលស្គាល់ស្នាដៃដើមដល់ពួកគេ ដោយទាញយកប្រយោជន៍ពីភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរបស់ពួកគេ។
យើងពេញចិត្តនៅពេលដែលអ្នកបង្កើតចែករំលែកមាតិកាឡើងវិញ បញ្ចូលការអត្ថាធិប្បាយនៅក្នុងវីដេអូប្រតិកម្ម ឬចូលរួមជាមួយភាពពេញនិយមតាមរយៈការបញ្ចូលទស្សនៈប្លែកៗរបស់ពួកគេ។ អ្វីដែលយើងចង់ប្រយុទ្ធប្រឆាំងនោះគឺការបង្ហោះមាតិកាឡើងវិញម្ដងហើយម្ដងទៀតពីអ្នកបង្កើតផ្សេងទៀតដោយគ្មានការអនុញ្ញាត ឬការធ្វើឱ្យប្រសើរឡើងប្រកបដោយអត្ថន័យ។
ការបង្ក្រាបទៅលើគណនីដែលចែករំលែកមាតិកាមិនមែនស្នាដៃផ្ទាល់ខ្លួន
ឥឡូវនេះ យើងកំពុងដាក់ចេញនូវវិធានការខ្លាំងជាងមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងឥរិយាបថនេះនៅលើ Facebook។ គណនីដែលប្រើប្រាស់វីដេអូ រូបថត ឬសារបង្ហោះជាអក្សររបស់អ្នកដទៃដោយមិនត្រឹមត្រូវម្ដងហើយម្ដងទៀតនឹងមិនត្រឹមតែបាត់បង់សិទ្ធិចូលប្រើកម្មវិធីរកប្រាក់តាម Facebook ក្នុងរយៈពេលមួយនោះទេ ប៉ុន្តែក៏នឹងទទួលបានការចែកចាយថយចុះលើអ្វីគ្រប់យ៉ាងដែលពួកគេចែករំលែកផងដែរ។
លើសពីនេះទៀត ប្រសិនបើប្រព័ន្ធរបស់យើងរកឃើញវីដេអូស្ទួននៅលើ Facebook យើងនឹងកាត់បន្ថយការចែកចាយវីដេអូចម្លង ដើម្បីឱ្យអ្នកបង្កើតមាតិកាដើមអាចទទួលបានលទ្ធភាពមើលឃើញដែលពួកគេសមនឹងទទួលបាន។ យើងក៏កំពុងស្វែងរកវិធីក្នុងការផ្ដល់ជូនគុណលក្ខណៈត្រឹមត្រូវដល់អ្នកបង្កើតផងដែរ។ ឧទាហរណ៍ យើងកំពុងសាកល្បងបញ្ចូលតំណនៅលើវីដេអូស្ទួន ដែលចង្អុលអ្នកមើលទៅកាន់ស្នាដៃដើមនៃមាតិកា។

ការអនុវត្តល្អបំផុតដើម្បីបង្កើនសក្ដានុពលមាតិការបស់អ្នក
ដើម្បីធានាថាមាតិការបស់អ្នកត្រូវបានរៀបចំ ដើម្បីទទួលបានជោគជ័យនៅលើ Facebook សូមអនុវត្តតាមការអនុវត្តល្អបំផុតទាំងនេះ៖
បង្ហោះមាតិកាដើម។ ទំព័រ និងកម្រងព័ត៌មានទទួលបានការចែកចាយដ៏ច្រើនបំផុត នៅពេលដែលពួកវាមានភាគច្រើននូវមាតិកាដើមដែលអ្នកបានថត ឬបង្កើត។ អ្នកអាចចែករំលែកមាតិកាដូចគ្នានៅលើទំព័រ ឬកម្រងព័ត៌មានណាមួយរបស់អ្នក។
បង្កើតការធ្វើឱ្យប្រសើរឡើងប្រកបដោយអត្ថន័យ។ អ្នកអាចប្រើមាតិកាដែលអ្នកត្រូវបានអនុញ្ញាតឱ្យប្រើពីប្រភពផ្សេងទៀត ដរាបណាអ្នកបង្កើតវាដោយខ្លួនឯងតាមរយៈការកែបែបច្នៃប្រឌិត ការបញ្ចូលសំឡេង ឬការអត្ថាធិប្បាយ។ ការធ្វើឱ្យប្រសើរឡើងទាំងនេះត្រូវតែមានអត្ថន័យ ដោយគ្រាន់តែភ្ជាប់ឃ្លីបជាមួយគ្នា ឬការបញ្ចូលគំនូរព្រាលៗរបស់អ្នកមិនទាន់ចាត់ទុកថាជាការធ្វើឱ្យប្រសើរឡើងប្រកបដោយអត្ថន័យនោះទេ។
រៀបរាប់រឿង។ ការរៀបរាប់រឿងពិតៗ ទាក់ចិត្តអ្នកមើល ហើយទំនងជាអាចផ្ដល់ផលបានល្អទៀតផង។ ទោះបីជាអ្នកអាចចែករំលែកវីដេអូរយៈពេលប៉ុន្មានក៏បាននៅលើ Facebook ក៏ដោយ ជៀសវាងវីដេអូខ្លីខ្លាំងដែលផ្ដល់ឱ្យអ្នកមើលនូវគុណតម្លៃតិចតួច។
កុំប្រើគំនូរព្រាលៗ។ ជៀសវាងការប្រើគំនូរព្រាលៗភាគីទីបីដែលអាចមើលឃើញ និងមាតិកាដែលត្រូវបានកែច្នៃឡើងវិញដោយមើលឃើញពីកម្មវិធី ឬប្រភពផ្សេងទៀត។
ប្រើចំណងជើងដែលមានគុណភាពខ្ពស់។ រក្សាចំណងជើង និងហាស់ថេករបស់អ្នកឱ្យពាក់ព័ន្ធនឹងមាតិកានោះ។ យើងបានរកឃើញថា ចំណងជើងដោយគ្មានតំណ ការប្រើប្រាស់អក្សរធំតិចតួចបំផុត និងមិនលើសពីប្រាំហាស់ថេកផ្ដល់ផលល្អបំផុត។
យើងនឹងដាក់ឱ្យដំណើរការការផ្លាស់ប្ដូរទាំងនេះជាបណ្ដើរៗក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីជួយធានាឱ្យមានដំណើរផ្លាស់ប្ដូរយ៉ាងរលូនសម្រាប់អ្នកបង្កើត។
យល់ដឹងពីបញ្ហាដែលប៉ះពាល់ដល់ការចែកចាយរបស់អ្នក
ប្រសិនបើអ្នកមានបញ្ហាក្នុងការយល់ដឹងពីមូលហេតុដែលមាតិការបស់អ្នកមិនត្រូវបានចែកចាយនៅលើ Facebook សូមពិនិត្យមើលព័ត៌មានស៊ីជម្រៅកម្រិតសារបង្ហោះដែលយើងទើបនឹងចាប់ផ្ដើមរនៅក្នុងផ្ទាំងគ្រប់គ្រងអាជីព ដែលអាចជួយអ្នកឱ្យយល់ដឹងកាន់តែច្បាស់ថាហេតុអ្វីបានជាមាតិការបស់អ្នកប្រហែលជាមិនត្រូវបានចែកចាយ។

ឥឡូវនេះ អ្នកក៏អាចមើលថាតើអ្នកប្រឈមនឹងហានិភ័យនៃការណែនាំអំពីមាតិកា ឬការពិន័យលើការរកប្រាក់នៅក្នុងអេក្រង់ដើមនៃផ្នែកជំនួយបានផងដែរ ដែលទាំងនេះអាចចូលប្រើបានពីម៉ឺនុយមេរបស់ទំព័រ ឬកម្រងព័ត៌មានអាជីពរបស់អ្នក។ ពិនិត្យស្ថានភាពរបស់អ្នកឱ្យបានទៀងទាត់ ដើម្បីប្រាកដថាអ្នកអាចបន្តរកប្រាក់ចំណូល និងរីកចម្រើន។




ការប្ដេជ្ញាចិត្តបន្តបន្ទាប់របស់យើងក្នុងការលើកកម្ពស់អ្នកបង្កើតពិតប្រាកដ
Facebook ត្រូវបានបង្កើតឡើងដើម្បីក្លាយជាកន្លែងមួយដែលមាតិកាដើមរីកចម្រើន ហើយអ្នកបង្កើតទទួលបានការតបស្នងសម្រាប់ការខិតខំប្រឹងប្រែង និងភាពច្នៃប្រឌិតរបស់ពួកគេ។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀតអំពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការគាំទ្រអ្នកបង្កើតដូចជារូបអ្នក។